ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ប្រកាសស្តីពីការដាក់ឲ្យអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខ ៩ ស្តីពីចំណូលពីប្រតិបត្តិការដោះដូរ និង លេខ ២៣ ស្តីពីចំណូលពីប្រតិបត្តិការមិនដោះដូរ" និង "កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខ ១ ស្តីពី ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ លេខ ២ ស្តីពី របាយការណ៍លំហូរសាច់ប្រាក់ និង លេខ ១២ ស្តីពី សន្និធិ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាអាជ្ញាធររសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ។
សិក្ខាសាលានេះក៍មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ និង ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិង សវនកម្ម ព្រមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ដែលជាតំណាងមកពី ក្រសួង-ស្ថាប័នរដ្ឋ, មន្ទីរសេដ្ឋកិច្ច និងរតនាគារទាំង ២៥ រាជធានី-ខេត្ត សរុបចំនួនប្រមាណ ២០០ នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ញាបការយល់ដឹងជូនដល់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ មន្ទីរជំនាញរាជធានីខេត្ត និងអង្គភាពសាធារណៈប្រហាក់ប្រហែលអំពីខ្លឹមសារនៃ “ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ ដាគណនេយ្យសាធារណៈកម្ពុជា លេខ ៩ ស្តីពីចំណូលពីប្រតិបត្តិការដោះដូរ និង លេខ ២៣ ស្តីពីចំណូលពីប្រតិបត្តិការ មិនដោះដូរ” ដែលបានអនុម័តដាក់ឱ្យប្រើដោយប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ និងដើម្បីពិគ្រោះយោបល់លើ សេចក្តីព្រាងស្តងដាគណនេយ្យ សាធារណៈកម្ពុជា លេខ ១ ស្តីពី “ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ”, លេខ ២ ស្តីពី “របាយការណ៍លំហូរសាច់ប្រាក់” និង លេខ ១២ ស្តីពី “សន្និធិ”។